មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបដិសេធចោលការចោទប្រកាន់របស់ប្រទសថៃលើបញ្ហាដែលថា កម្ពុជាបានដាក់គ្រាប់មីនក្រោមដីថ្មីៗទៀតនៅតាមបន្ទាត់ព្រំដែនដែលបណ្ដាលឲ្យផ្ទុះទាហានថៃរងរបួសជាបន្តបន្ទាប់នៅជិតតំបន់ប្រាសាទព្រះវិហារនោះ។
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ថា កម្ពុជាមានឯកសារគ្រប់គ្រាន់ដែលបង្ហាញថា តំបន់ជាច្រើននៃប្រទេសនៅមានគ្រាប់មីនសេសសល់ពីសង្គ្រាមជិត៣០ឆ្នាំ។
លោក ផៃ ស៊ីផាន បានបដិសេធចោលការចោទប្រកាន់ដែលថា កម្ពុជាបានដាក់មីនថ្មីៗនោះជាការពុំពិត ពីព្រោះគោលនយោបាយកម្ពុជាពិតប្រាកដគ្មាននិន្នាការយកមីនមកកប់សម្រាប់ធ្វើជារបងការពារបូរណភាពទឹកដីខ្មែរនោះទេ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «គោលនយោបាយកម្ពុជាពិតប្រាកដគ្មាននិន្នាការណាយកមីនទៅពង្រាយសម្រាប់ជានយោបាយធ្វើរបងការពារបូរណភាពទឹកដីខ្មែរនោះទេ លើកលែងតែមីនដែលសេសសល់នៅតាមបណ្ដោយព្រំដែន»។
ការបដិសេធរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងបន្ទាប់ពីមន្ត្រីការបរទេសថៃមានគម្រោងនឹងលើកយកបញ្ហាផ្ទុះមីនសម្លាប់ទាហានថៃដែលទំនងជាសំដៅទៅលើតំបន់ជិតប្រាសាទព្រះវិហារនឹងយកទៅជជែកក្នុងកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ានាពេលខាងមុខ។
រដ្ឋមន្ត្រីការបរទេសថៃ លោក សំភុង អៈម៉នវីវ៉ាត់ បានថ្លែងប្រាប់អ្នកកាសែតនៅទីក្រុងបាងកក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថា ការដាក់មីនថ្មីៗនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃគឺជាការរំលោភអនុសញ្ញាអូតាវ៉ា ហើយថាមជ្ឈមណ្ឌលដោះមីនថៃ និងអង្គការមេគង្គដើម្បីមនុស្សធម៌ នឹងលើកយកបញ្ហានេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសសមាជិកអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។
ទោះយ៉ាងណាមន្ត្រីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា គេគ្រោងនឹងបញ្ជូនអ្នកជំនាញផ្នែកមីនឲ្យទៅចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរដោយមានទាំងឯកសារគ្រប់គ្រាន់ថា កម្ពុជាពុំមានដាក់មីនថ្មីនៅតាមព្រំដែនដូចការចោទប្រកាន់នោះទេ។
អគ្គនាយករងមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា លោក ហេង រតនា បានមានប្រសាសន៍ថា នៅតាមជួរព្រំដែនកម្ពុជាថៃជាង៨០០គីឡូម៉ែត្រគឺជាតំបន់ដែលមានមីនក្រាស់ពុំទាន់បានដោះនៅឡើយ ហើយនៅតាមព្រំដែនជិតប្រាសាទព្រះវិហារទំហំផ្ទៃដីប្រមាណ១៣,៦គីឡូម៉ែត្រការ៉េទៀតនៅមានមីនដែលមានប្រវត្តិសាស្ត្រដាក់តាំងតែពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៨ អំឡុងពេលសង្គ្រាម។
លោក ហេង រតនា បានឲ្យដឹងថា ៖ «នៅតាមជួរព្រំដែនរហូតដល់៨០០គីឡូជាងហ្នឹងជាតំបន់ដែលមានមីនក្រាស់ យើងហៅថាតំបន់ចម្ការមីន តាមបណ្ដោយព្រំដែនហ្នឹង។ ហើយព្រះវិហារគឺជាតំបន់មួយក្នុងចំណោមតំបន់ទាំង៨០០គីឡូជាងហ្នឹង។ វាអត់មានអីសង្ស័យទេ តែចូលមកជាន់ហើយ កន្លែងអត់ទាន់ដោះ»។
សូមរំឭកថា ចាប់តាំងតែពីកងទ័ពថៃបានចូលលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វៈរៈ កាលពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា យ៉ាងហោចណាស់មានទាហានថៃចំនួន៤នាក់ហើយដែលបានរងរបួសដោយការផ្ទុះមីននៅជិតតំបន់ភ្នំទ្រព្យចម្ងាយ៣គីឡូម៉ែត្រភាគខាងលិចពីប្រាសាទព្រះវិហារ៕